៤.២.១ ការចុះបញ្ជីអចលនទ្រព្យ
ក. ប្រភេទអចលនទ្រព្យ ដែលជាប់ពន្ធ
អចលនទ្រព្យ ដែលជាប់ពន្ធនេះសំដៅដល់អចលនទ្រព្យទាំងឡាយដូចខាងក្រោមដែលមានតម្លៃលើសពី ១០០លានរៀល៖
- ដី (ដែលមាន ឬគ្មានអគារ
- លំនៅដ្ឋាន
- អគារ ឬសំណង់ផ្សេងៗ ដែលនៅលើដីរួមមាន៖ សណ្ឋាគារ ផ្ទះល្វែង ការិយាល័យ ខុនដូ រោងចក្រឃ្លាំងទំនិញ អគារឧស្សាហ៍កម្ម និងចំណតរថយន្ត ។
ខ. កន្លែងដែលអ្នកជាប់ពន្ធត្រូវទៅចុះបញ្ជី
អ្នកជាប់ពន្ធមានកាតព្ធកិច្ចត្រូវទៅចុះបញ្ជីនៅរដ្ឋាបាលសាពើពន្ធក្នុងភូមិសាស្រ្ត ដែលអចលនទ្រព្យនោះស្ថិតនៅ យ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ។ ចំពោះអចលនទ្រព្យដែលបានចុះបញ្ជីរួចហើយ មិនត្រូវបានចុះបញ្ជីឡើងវិញនៅឆ្នាំបន្តបន្តាប់ទេ។
គ. កន្លែងដាក់ពាក្យស្នើរសុំចុះបញ្ជីពន្ធលើអចលនទ្រព្យ
ពាក្យស្នើរសុំចុះបញ្ជីពន្ធលើអចលនទ្រព្យ មាននៅ រដ្ឋបាលសារពើពន្ធ (សាខាពន្ធដារខេត្ត-ខណ្ឌ) ក្នុងភូមិសាស្ត្រ ដែលអចលនទ្រព្យនោះស្ថិតនៅ ឬអាចទាញយកពីគេហទំព័ររបស់អគ្គនាយកដ្ឋានពន្ធដារ (www.tax.gov.kh) ហើយពាក្យសើ្នសុំចុះបញ្ជីពន្ធលើអចលនទ្រព្យត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃ។
ឃ. ឯកសារដែលត្រូវភាប់មកជាមួយនៅពេលចុះបញ្ជីអចនទ្រព្យ
នៅពេលចុះបញ្ជីអចលនទ្រព្យ ត្រូវភ្ជាប់មកជាមួយនូវឯកសារថតចម្លងដូចខាងក្រោម៖
- អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬសំបុត្របញ្ជាក់កំណើត ឬលិខិតឆ្លងដែនសម្រាប់ជនបរទេស។
- សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទៅលំនៅ។
- បណ្ណសម្គាល់សិទ្ធិ ឬបណ្ណសម្រាប់សិទ្ធិកាន់កាប់អចលនវត្ថុ ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលចេញដោយរដ្ឋបាលសុរិយោដី ឬឯកសារពាក់ព័ន្ធនឹងការកាន់កាប់អចលនទ្រព្យ ដែលបញ្ជាក់ដោយអាជ្ញាធរឃុំ/សង្កាត់ឡើងទៅ។ ក្នុងករណី ដែលអចលនទ្រព្យត្រូវបានទិញបង់រំលោះ ម្ចាស់អចលនទ្រព្យត្រូវភ្ជាប់មកជាមួយនូវ ឯកសារកិច្ចសន្យារវាងអ្នកទិញ និងអ្នកលក់។
ង. ឯកសារដែលអ្នកជាប់ពន្ធនឹងទទួលបានពីរដ្ឋបាល
សារពើពន្ធនៅពេលចុះបញ្ជី
នៅពេលបានចុះបញ្ជីថ្មី អ្នកជាប់ពន្ធនឹងទទួលបានលិខិតបញ្ជាក់ការចុះបញ្ជីពន្ធលើអចលនទ្រព្យ ដែលមានចុះលេខអត្តសញ្ញាណកម្មសារពើពន្ធនៃអចលនទ្រព្យសម្រាប់សម្គាល់អចលនទ្រព្យនីមួយៗ ដែលចេញដោយរដ្ឋបាលសារពើពន្ធ។ លេខអត្តសញ្ញាកម្មសារពើពន្ធនេះត្រូវប្រើឯកសារ ដែលពាក់ពន្ធនឹងពន្ធលើអចលនទ្រព្យទាំងអស់។
ច. កាតព្ធកិច្ចរបស់អ្នកជាប់ពន្ធ ដែលត្រូវធ្វើនៅពេលអចលនទ្រព្យប្រែប្រួល
អ្នកជាប់ពន្ធត្រូវផ្តល់ពត៌មានបន្ថែម ទៅតាមទម្រង់ដែលបានកំណត់ ដោយរដ្ឋបាលសារពើពន្ធក្នុងករណីដែល៖
- អចលនទ្រព្យដែលបានបំបែកលក់ ផ្ទេរ ឬផ្តល់ជាអំណោយ។
ចំណែកអចលនទ្រព្យដែលបានបំបែកថ្មីត្រូវតែចុះបញ្ជី។
- ដីត្រូវបានយកទៅសាងសង់ផ្ទះ អាគារ ឬសំណង់ផ្សេងៗ។
- ផ្ទះ អគារ និងសំណង់ផ្សេងៗត្រូវបានសាងសង់បន្ថែម ឬបន្ថយ ឬរំលាយចោល។
- ការផ្លាស់ប្តូរកម្មសិទ្ធករ អ្នកកាន់កាប់ ឬអ្នកទទួលប្រយោជន៍ចុងក្រោយ។
ឧទាហរណ៍៖ អ្នកជាប់ពន្ធមានដីមួយកន្លែង ហើយត្រូវបានបំបែកជាឡូត៍ លក់ អ្នកជាប់ពន្ធត្រូវផ្តល់ពត៌មានដល់រដ្ឋបាលសារពើពន្ធ ដើម្បីទទួលលេខអត្តសញ្ញាណកម្មថ្មី។